ដើម្បីឲ្យកាន់តែមានទំនុកចិត្តលើកសិផលខ្មែរ ដែលកំពុងដាក់លក់ក្នុងផ្សារបន្លែធម្មជាតិ ឡេង ណាវ៉ាត្រា ក្រុមអ្នកជំនាញខាងកសិកម្ម បានបង្ហាលក្ខណៈពិសេស របស់បន្លែផ្លែឈើ ត្រីសាច់ និងផលិតផលជាច្រើនទៀត ដល់សាធារណជន តាមរយៈសន្និសីទកាសែតមួយ កាលពីល្ងាចថ្ងៃទី២៥ ខែមិនា ឆ្នាំ ២០២០នេះ នៅទីតាំងផ្សារទំនើបអូឡាំព្យា ជ្រុងខាងជើង។

ជាការពិត ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា បានដាក់ឲ្យដំណើរការសាកល្បងជិតកន្លះខែមកហើយ ដោយទទួលបានគាំទ្រពីបងប្អូនខ្មែរយើង ដោយសារតែផ្សារមួយនេះប្រមូលទិញ តែផលិតផលធម្មជាតិរបស់កសិករខ្មែរ លក់តែកសិផលធម្មជាតិ របស់កសិករខ្មែរ។

ADVERTISEMENT

លោក សម វិទូ អ្នកគ្រប់គ្រងបច្ចេកទេសកសិកម្ម និងត្រួតពិនិត្យផលិតផល បានថ្លែងបញ្ជាក់ថា ផលិតផលដែលបានដាក់លក់ក្នុងផ្សារទាំងអស់ គឺក្រុមហ៊ុនបានទិញពីប្រជាកសិករស្ទើរគ្រប់ខេត្ត ពោលគឺមានចំនួន១៨ខេត្ត ដោយនៅក្នុងនោះ ក្រុមការងារលើជំនាញកសិកម្ម បានចុះទៅដល់ តាមបណ្ដាខេត្តក្រុងទាំងនោះ ដែលមានការដាំដុះបន្លែផ្លែឈើធម្មជាតិ។

ក្នុងនោះដែរយើងបានចងក្រង ជាភ្នាក់ងារដាំបន្លែផ្លែឈើតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ សម្រាប់ផ្គត់ផ្គង់មកផ្សារ ដោយខាងក្រុមហ៊ុន នឹងចាំទទួលទិញកសិផលរបស់ពួកគាត់ យកមកលក់បន្តនូវតម្លៃដែលពួកគាត់ អាចទទួលយកបាន។ លោកបន្តថា ទន្ទឹមគ្នានោះដែរ បន្លែផ្លែឈើក៏ដូចជា ត្រីសាច់ ដែលបងប្អូនកសិករផលិតមកនោះ សុទ្ធតែត្រូវបានធ្វើតេស្តជាមុន ហើយបញ្ជាក់ថា គ្មានជាតិគីមី ទើបអាចយកមកដាក់លក់ក្នុងផ្សារទំនើបនេះបាន។

លោក សម វិទូ បន្ថែមថា ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ទទួលលក់តែកសិផលធម្មជាតិខ្មែរនោះទេ ផលិតផលនាំចូលពីក្រៅប្រទេសអត់ទទួលលក់ទេ មុនដាក់លក់យើងសុទ្ធតែ ធ្វើតេស្តជាមុនសិន បញ្ជាក់ថា គ្មានជាតិគីមី ទើបអាចយកមកដាក់លក់ក្នុងផ្សារបាន ហើយបើក្រុមកសិករណា ដាំយកមកលក់ឲ្យយើង ពិនិត្យឃើញមានជាតិគីមី យើងឈប់ទទួលទិញពីពួកគាត់យកមកលក់ហើយ ដោយក្រុមហ៊ុន បានប្រកាន់ខ្ជាប់នូវគោលការណ៍ធំមួយ គឺ “កសិផលជាតិ គិតសុខភាពជាចម្បង” ។

និយាយជារួម ដើម្បីធានាសុវត្ថិភាព និងទំនុកចិត្តខ្ពស់ ព្រោះរាល់កសិផលទាំងអស់ដាក់លក់ ក្នុងហាងត្រូវបានតាមដាន ត្រួតពិនិត្យតាំងពីកន្លែងដាំដុះ រហូតដល់កន្លែងវេចខ្ចប់តែម្ដង។ ក្នុងនោះដែរ កសិករទាំងអស់ត្រូវបានចុះ កិច្ចសន្យា និងកុងត្រាស្របតាមគោលការណ៍ ដាំដុះធម្មជាតិ។

ក្នុងរយៈពេលជិតកន្លះខែ ដែលបានសាកល្បងដំណើរការមកនេះ ឃើញថា មានបងប្អូនខ្មែរ បានគាំទ្រជាខ្លាំង ដោយពួកគាត់បានមកទិញផ្ទាល់ ហើយអ្នកខ្លះបានកុម្មង់ទិញ តាមទូរសព្ទជាដើម។ បច្ចុប្បន្នផ្សារមានលក់កសិផលធម្មជាតិសរុបជាង៣០០មុខ ក្នុងតម្លៃសមរម្យបំផុត។

សូមរំឭកថា ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា មានទីតាំងស្ថិតនៅ អគារ #S3-17, តាមបណ្តោយផ្លូវ ឧកញ៉ាទេពផន st. (182) ផ្នែកខាងមុខ នៃផ្សារទំនើប អូឡាំព្យា។ លោកអ្នកអាចកុម្មង់ទិញតាមរយៈ វិបសាយ ផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា ឬ Mobile App (Playstore) ៖ Navatra Market [សូមដោនឡូត] និងលេខទូរស័ព្ទ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង ០១១ ៤៤៤ ៤៤៤ ឬមួយលោកអ្នក គ្រាន់តែចុចកុម្ម៉ង់ទិញតាម វិបសាយ ឬ Mobile app ក៏បាន នោះក្រុមការងារនឹងដឹកជូនភ្លាមៗ ដោយឥតគិតថ្លៃ ក្នុងរយៈពេលតែ ២០នាទីប៉ុណ្ណោះ៕

ADVERTISEMENT