ការប្រកាសរបស់ប្រធានាធិបតីដូណាល់ ត្រាំកាលពីថ្ងៃសុក្រទី១៣មីនាថា ការផ្ទុះឡើងនៃវីរុសកូរ៉ូណាជា “គ្រាអាសន្នជាតិ” អនុញ្ញាតឱ្យប្រាក់សហព័ន្ធ ៥០ ពាន់លានដុល្លារនិងធនធានជាច្រើនត្រូវផ្តល់ឱ្យទៅបណ្តារដ្ឋអាម៉េរិកនានា ដែលរងគ្រោះខ្លាំង។

នៅក្នុងការប្រកាសថាការផ្ទុះឡើងនៃជំងឺកូវីដ១៩នៅសហរដ្ឋអាម៉េរិកជាគ្រាអាសន្នជាតិ លោកត្រាំបានយកមកប្រើឡើងវិញនូវច្បាប់ស្តាហ្វហ្វត (Stafford Act)។

ច្បាប់ស្តាហ្វហ្វតត្រូវបានអនុម័តដោយសភាក្នុងឆ្នាំ ១៩៨៨ ដើម្បីផ្តល់ជំនួយសហព័ន្ធដល់អាជ្ញាធរតាមរដ្ឋនិងមូលដ្ឋានដើម្បី “ជួយសង្គ្រោះអាយុជីវិតនិងការពារទ្រព្យសម្បត្តិនិងសុខភាពនិងសុវត្ថិភាពសាធារណៈ”។

ADVERTISEMENT

ច្បាប់ស្តាហ្វហ្វតក៏អាចត្រូវបានយកមកប្រើដើម្បីផ្តល់ជំនួយសហព័ន្ធដល់អាជ្ញាធរតាមរដ្ឋនិងមូលដ្ឋានដើម្បីជួយពួកគេឆ្លើយតបទៅនឹង “គ្រោះមហន្តរាយធំៗ” ដូចជាខ្យល់ព្យុះ រញ្ជួយដី ការរអិលបាក់ដី ទឹកជំនន់ រលកយក្សស៊ូណាមី ឬ អគ្គិភ័យផងដែរ។

លោកត្រាំបាននិយាយនៅក្នុងលិខិតមួយទៅកាន់ប្រមុខក្រសួងនានាថា “មានតែរដ្ឋាភិបាលសហព័ន្ធទេដែលអាចផ្តល់ការសម្របសម្រួលចាំបាច់ដើម្បីដោះស្រាយការរីករាលដាលមេរោគរាតត្បាតនៃប្រទេសដែលមានទំហំនិងវិសាលភាពបែបនេះ ដែលបង្កឡើងដោយភ្នាក់ងារបង្កជំងឺចូលមកក្នុងប្រទេសរបស់យើង”។

នៅក្នុងសេចក្តីប្រកាសមួយលោកត្រាំក៏បានលើកឡើងពីមាត្រានានានៃច្បាប់គ្រាអាសន្នជាតិ (NEA) ដើម្បីពង្រីកសិទ្ធិអំណាចរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសេវាកម្មមនុស្សជាតិដើម្បីដោះស្រាយវិបត្តិនេះផងដែរ។

ច្បាប់ NEA ផ្តល់សិទ្ធិអំណាចដល់សេតវិមានដើម្បីប្រកាសច្បាប់អាជ្ញាសឹក ផ្អាកសេរីភាពស៊ីវិល ពង្រីកយោធា រឹបអូសទ្រព្យសម្បត្តិ និង រឹតត្បិតពាណិជ្ជកម្ម ទំនាក់ទំនង និង ប្រតិបត្តិការហិរញ្ញវត្ថុ៕

ADVERTISEMENT