គណៈកម្មាធិការសុខាភិបាលជាតិចិនបាននិយាយកាលពីថ្ងៃសៅរ៍ទី២៥មករាថា មនុស្ស១.២៨៧នាក់បានឆ្លងកូរ៉ូណាវីរុសថ្មី គិតត្រឹមថ្ងៃ២៤មករា ហើយចំនួនមនុស្សស្លាប់ពីវីរុសនេះកើនដល់៤១នាក់។

វីរុស ដែលមានប្រភពចេញពីទីក្រុងវូហាន របស់ខេត្តហ៊ូប៉ីនៅចិនភាគកណ្តាលកាលពីចុងឆ្នាំមុន បានឆ្លងរាលដាលទៅកាន់ទីក្រុងផ្សេងៗរបស់ចិន រួមមានទីក្រុងប៉េកាំងនិងសៀងហៃ ព្រមទាំងប្រទេស សិង្ហបុរី អាម៉េរិក ថៃ កូរ៉េខាងត្បូង ជប៉ុន ហើយចុងក្រោយនៅអាស៊ីខាងត្បូងនិងអឺរ៉ុប។

កាលពីថ្ងៃ២៤មករា រដ្ឋមន្ត្រីសុខាភិបាលបារាំងបាននិយាយថាអ្នកផ្ទុកវីរុសនេះមួយករណីត្រូវបានរកឃើញនៅទីក្រុងប័រដូរនិងមួយករណីទៀតនៅជិតទីក្រុងប៉ារីស។មន្ត្រីបារាំងក៏បានប្រកាសករណីឆ្លងកូរ៉ូណាវីរុសទី៣កាលពីល្ងាចថ្ងៃសុក្រ។ បើតាមលោករដ្ឋមន្ត្រី មនុស្ស២នាក់បានឆ្លងជម្ងឺ ក្រោយធ្វើដំណើរទៅចិន។

ADVERTISEMENT

នេប៉ាល់នៅអាស៊ីខាងត្បូងនិងអូស្រ្តាលី ក៏បានរាយការណ៍រកឃើញករណីអ្នកឆ្លងវីរុសនេះលើកដំបូងផងដែរ។ ការកើនឡើងយ៉ាងគំហុកនៃអ្នកស្លាប់និងអ្នកឆ្លងនៅចិន អាចជាសញ្ញាបង្ហាញថាវីរុសនេះ នៅមិនទាន់អាចគ្រប់គ្រងបានទោះជាចិនដាក់ចេញវិធានការធំៗរួមមានការបិទខ្ទប់ទីក្រុងជាងដប់ដែលប៉ះពាល់ការរស់នៅរបស់មនុស្សប្រមាណ៤០លាននាក់។

វីរុសដែល គេរកឃើញដំបូងនៅក្រុងវូហានកាលពីខែមុន កំពុងបង្កការភ័យខ្លាចក្រែងវាបង្កជម្ងឺសាហាវដូចជម្ងឺសា(SARS)កាលពី១៧ឆ្នាំមុនដែលបានសម្លាប់មនុស្សជិត៨០០នាក់នៅចិននិងហុងកុង៕

ADVERTISEMENT