ADVERTISEMENT

ភ្នំពេញ៖ លោក តុងម៉ីដែលជាម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សតុងម៉ី ទើបនឹងធ្វើឲ្យគេភ្ញាក់ផ្អើលរឿងបញ្ចេញវីដេអូវះកាត់ច្រមុះមានបញ្ហារបស់លោកម៉ៃ សុគន្ធ និងត្រូវបានរងការចោទប្រកាន់ពីអ្នកជំនួញម្នាក់ថាបានបើកគ្លីនិចអត់ច្បាប់មិនទាន់បានស្ងាត់បាត់ប៉ុន្មានផងនោះ ស្រាប់តែពេលនេះលេចចេញប្រតិកម្ម និងការប្រកាសមួយចំនួនរបស់នាយិការម្ចាស់ មជ្ឈមណ្ឌលកែសម្ផស្សម្លិះ ដោយបានប្រកាសថាលោក តុងម៉ី លែងជាបុគ្គលិកខ្លួនឡើយ។

មជ្ឈមណ្ឌលលោកស្រីមិនទទួលខុសត្រូវឡើយប្រសិនបើបុគ្គលខាងលើកែសម្ផស្សឲ្យអតិថិជនណាមានបញ្ហាគឺមិនពាក់ព័ន្ធនឹងមជ្ឈមណ្ឌលកែសម្ផស្សម្លិះឡើយ។ នេះបើយោងតាម សារដែលត្រូវបានបង្ហោះលើគណនីយបណ្តាញសង្គមហ្វេសប៊ុក មជ្ឈមណ្ឌលកែសម្ផស្សម្លិះ Malis Sugery Center កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ។

ប្រភពលើកឡើងថា ហាងកែសម្ផស្ស មាលីសគ្លីនិកបានបើកដំណើរការអស់រយៈពេលជិត 10 ឆ្នាំមកហើយ និងបានផ្តល់អោយមនុស្សប្រុសស្រីជាច្រើននាក់នូវភាពស្រស់ស្អាតប្រកបដោយភាពជឿជាក់។ បច្ចុប្បន្ននេះក៏ដូចគ្នានិងពេលមុន ហាងនាងខ្ញុំនៅតែមានអតិថិជនគាំទ្រច្រើន និងមានទំនុកចិត្តមកលើហាងកែសម្ផស្សមាលីសគ្លីនិក ប៉ុន្តែទន្ទឹមនឹងនោះក៏មានបាត់បង់នូវអតិថិជនមួយចំនួន ដោយសារបណ្តាលមកពី page របស់គ្លីនិកត្រូវបានបុគ្គលម្នាក់ចូលបំផ្លាញចោល ពីព្រោះម្នាក់នោះក៏ជា admin ក្នុង page នោះដែរ។

ម្ចាស់គ្លីនិកនេះបានសរសេរថា “ថ្ងៃនេះនាង ខ្ញុំក៏សូមបញ្ជាក់ថា បុគ្គលម្នាក់ឈ្មោះ តុងម៉ី ដែលជាអតីតកូនសិស្ស ហើយក៏ជាអតីតបុគ្គលិកបំរើការនៅក្នុងហាងកែសម្ផស្សមាលីសគ្លីនិក មិនមែនជាបុគ្គលិករឺក៏ពាក់ព័ន្ធ និងគ្លីនិកយើងខ្ញុំទៀតទេ ប្រសិនក្នុងករណី បុគ្គលនោះដើរធ្វើការកែសម្ផស្សអោយនរណាម្នាក់ ហើយមានបញ្ហារលួយ ឫកើតជាដំប៉ៅនោះមិនមានពាក់ព័ន្ធនឹងគ្លីនិកនាងខ្ញុំឡើយ។ ពីព្រោះបុគ្គលនេះកំពុងតែបើកកន្លែងកែសម្ផស្ស ដែលមិនដឹងថាមានច្បាប់អនុញ្ញាតរឺក៏អត់ទេ។ ចំនុចនេះក៏សំណូមពរដល់អាជ្ញាធរចុះពិនិត្យមើលទីតាំងកែសម្ផស្សនោះផង ជៀសវាងមានបញ្ហាដល់ប្រជាពលរដ្ឋដែលស្វែងរកសេវាកែសម្ផស្ស”។

ADVERTISEMENT

ប្រភពបន្តថា ក្រោយពីបុគ្គលនេះបានចេញពីគ្លីនិកយើងខ្ញុំ ពេលនោះpageរបស់គ្លីនិកត្រូវជនមិនស្គាល់មុខមកបំផ្លាញចោលតែម្តង ដែលធ្វើឲ្យបាត់បង់អតីថិជន មួយចំនួន។ ដោយសារpage ត្រូវបានគេបំផ្លាញចោលដូចនេះហាងកែសម្ផស្សមាលីសគ្លីនិក ត្រូវបានបង្កើតpageឡើងវិញថ្មី និងបានប្តូរឈ្មោះពី Malis Beauty Clinic ទៅជា Malis Plastic Surgery Center។ លោកស្រីស្នើឲ្យអតិថិជនត្រូវការកែសម្ផស្ស សូមស្វែងរកគ្លីនិកណា ដែលមានជំនាញច្បាស់លាស់ និងមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ទន្ទឹមនឹងនេះផងដែរ Malis Beauty Clinic បានបញ្ជាក់ទៀតថា កន្លងមកដោយសារតែអ្នកស្រីរវល់ការងារច្រើន ហើយមានការជឿទុកចិត្តទើប បានបណ្តាលឱ្យបុគ្គលិកឈ្មោះ តុងម៉ី ជាអ្នកមើលការងារ និង ចេញមុខជំនួសអ្នកស្រី។ ប៉ុន្តែអ្នកស្រីក៏មិននឹកស្មានថា បុគ្គលិក បែរជាលួចលាក់បើកសាវាកម្មផ្ទាល់ដោយខុសច្បាប់ និង យកឈ្មោះ Malis Beauty Clinic ទៅប្រើ ដែលបានប៉ះពាល់ដល់សេចក្តីទុកចិត្តរបស់អ្នកស្រី។

ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីលោក តុង ម៉ី បាននៅឡើយទេកាលពីព្រឹកថ្ងៃទី០៦ ខែធ្នូនេះ។ ទោះជាយ៉ាងណា លោកធ្លាប់បានគេស្គាល់តាមរយៈការLive និងបង្ហោះវីដេអូមួយចំនួនជាមួយនឹងការកែសម្ផស្សឲ្យ អ្នកលេង Tik Tok សុខា កញ្ញា រ៉ូស និងតារាចម្រៀងលោក ម៉ៃ សុគន្ធ ដែលលេចចេញប្រតិកម្មពីអ្នកជំនួញម្នាក់កាលពីថ្មីៗនេះផងដែរ៕

ADVERTISEMENT