បន្ទាយមានជ័យ៖ ថ្មីៗនេះលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំតារាចម្រៀងល្បីៗក្នុងផលិតកម្ម Galaxy មានដូចជា លោក ព្រាប សុវត្ថិភាព, ខេម, កញ្ញា តន់ ច័ន្ទសីម៉ា និងកញ្ញា សុវណ្ណារី ចុះទៅ ស្រុក មង្គលបុរី នាំស្បៀងអាហារអង្ករ ៥០តោន និងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋដែលកំពុងជន់លិចដោយទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ក្នុងនោះឯកឧត្ដម ទេសរដ្ឋមន្ត្រី បាន កោតសរសើរនៅទឹកចិត្តមនុស្សធម៌ដ៏ធំធេង របស់លោក ឧកញ៉ាឡេងណាវ៉ាត់ត្រា ជាខ្លាំង។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ទុកកាយវិការរបស់លោកឧកញ៉ា ដែល មានអតីតភាពជាក្មេងទីជនបទក្រីក្រ និងជាពលករប្រទេសកូរ៉េខាងត្បូងរូបនេះថា ជាកាយវិការដ៏ល្អប្រសើរ និងជាគំរូមួយនៅក្នុងសង្គមកម្ពុជា។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែងទៅកាន់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ឱ្យដឹងថា “ការរួមចំណែករបស់លោកឧកញ៉ា ឆ្លើយតបចំសភាពការណ៍ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលគាត់កំពុងជួបការលំបាក និងខ្វះខាត ព្រោះតែទឹកជំនន់។ នេះជាកាយវិការល្អណាស់សម្រាប់សង្គមយើង។ យើងមានបាន យើងថ្កុំថ្កើង ក៏ដោយសារបានការគាំទ្រពីប្រជាជន ដូច្នេះពេលប្រជាជនមានទុក្ខលំបាក យើងត្រូវជួយរំលែកការលំបាករបស់គាត់។ទង្វើល្អដែលយើងបានធ្វើចំពោះគាត់នឹងធ្វើឱ្យជីវិតយើងមិនសាបសូន្យនោះឡើយ”។

ADVERTISEMENT

លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកឡើងនោះចំពោះមុខក្រុមអ្នកសារព័ត៌មានដែលបានចុះទៅព័ត៌មានដោយផ្ទាល់ក្នុងសកម្មភាពមនុស្សធម៌នេះថា “នៅពេលដែលឃើញបងប្អូនខ្មែរមានទុក្ខ ខ្ញុំតែងតែមានទុក្ខជាមួយគាត់។ អ៊ីចឹងយើងមានសេចក្តីសុខ នៅពេលយើងបានចែករំលែកទៅដល់គាត់ ព្រោះយើងគិតថា ជីវិតយើងរស់មិនវែងទេ ១០ឆ្នាំ, ២០ឆ្នាំ, ៣០ឆ្នាំទៀត យើងមិនចឹងថានៅពេលណា? អ៊ីចឹងយើងមានឱកាសហ្នឹង អាចជួយគ្នាបាន យើងគួរតែជួយ ព្រោះគាត់ក៏ចង់រស់នៅបានស្រួល គាត់ក៏ចង់មានសេចក្តីសុខ អ៊ីចឹងយើងអាចចែករំលែកទៅគាត់ខ្លះទៅ។ ខ្ញុំគិតថា វាមិនចម្លែកសម្រាប់ខ្ញុំទេ”។

ទន្ទឹមគ្នានោះដែរលោក ឡេង ណាវ៉ាត្រា ក៏បានបង្ហាញការគាំទ្រពេញទំហឹងចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរ ដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋដែលកំពុងជួបទុក្ខជំនន់ទឹកភ្លៀងនៅប្រទេសកម្ពុជា៕

 

ADVERTISEMENT